មនុស្សជាច្រើនតែងតែមានបញ្ហាប្រឈមនឹងការបាត់បង់ទំនុកចិត្ត ឬការជឿជាក់លើខ្លួនឯង បើទោះបីជាពេលខ្លះខ្លួនមានសមត្ថភាពអាចធ្វើអ្វីបាន។ ការមានទំនុកចិត្តធ្វើឲ្យបុគ្គលមានក្តីសង្ឃឹមពុះពារក្លាហានតស៊ូប្តូរផ្តាច់ដើម្បីភាពជោគជ័យ ផ្ទុយទៅវិញ បុគ្គលដែលបាត់បង់ទំនុកចិត្តលើខ្លួនឯងរមែងទទួលភាពបរាជ័យគ្រប់យ៉ាង។
យោងតាមគេហទំព័រ www.positivityblog.com បានបង្ហាញពីវិធីសាងភាពជឿជាក់លើខ្លួនឯងដូចខាងក្រោម៖
១.តាំងចិត្តធ្វើឲ្យបានៈ ទឹកចិត្តអង់អាចមុតមាំគឺជាមូលដ្ឋាននៃភាពជោគជ័យគ្រប់យ៉ាង។ គេតែងនិយាយថា ទោះបីការងារលំបាក ឬធំយ៉ាងណា ឲ្យតែមនុស្សតាំងចិត្តធ្វើប្រកបដោយភាពជឿជាក់លើខ្លួន ក៏គង់នឹងបានសម្រេច។ Daniel Maher បាននិយាយថា «ការមានទំនុកចិត្ត រមែងធ្វើឲ្យក្លាហានក្នុងការធ្វើអ្វីៗឲ្យមានភាពងាយស្រួល»។
២.ហ៊ានប្រឈមនឹងភាពភ័យខ្លាចៈ ភាពភ័យខ្លាចគឺជាឧបសគ្គមួយដ៏ធំក្នុងការបញ្ចេញសមត្ថភាពពិតរបស់ អ្នកឬការអភិវឌ្ឍគោលដៅនៃជីវិតដើម្បីភាពជោគជ័យ។ William Jennings Bryan បាននិយាយថា «វិធីដើម្បីអភិវឌ្ឍភាពជឿជាក់លើខ្លួនឯង គឺត្រូវហ៊ានធ្វើនូវអ្វីដែលអ្នកភ័យខ្លាច»។ ចំណែកឯ Eleanor Roosevelt ក៏បានបន្ថែមដែរថា «អ្នកត្រូវតែហ៊ានធ្វើនូវអ្វីដែលអ្នកគិតថាអ្នកមិនអាចធ្វើវា បាន»។
៣.យល់ពីអ្វីដែលនឹងកើតមានបន្ទាប់ៈ អ្នកគួរយល់ថាភ័យខ្លាច(បាត់បង់ទំនុកចិត្ត)ពីដំបូងនេះនឹងបាត់ បង់ទៅវិញ ហើយអ្នកនឹងមានភាពក្លាហានបន្ទាប់ពីការហ៊ានប្រឈមធ្វើវានោះ ពោលគឺអ្នកនឹងកាន់តែរឹងមាំអង់អាចឡើង។
៤.ការត្រៀមលក្ខណៈមុនៈ ការបានត្រៀមលក្ខណៈល្អមុននឹងធ្វើឲ្យអ្នកមានទំនុកចិត្ត ឯភាពមិនច្បាស់លាស់នឹងធ្វើឲ្យអ្នកបាត់ទំនុកចិត្ត។ «សារសំខាន់នៃភាពជឿជាក់លើខ្លួន គឺការបានត្រៀមខ្លួនជាមុន» (Arthur Ashe)។
៥.កុំខ្លាចកំហុសៈ គ្មានអ្វីមួយដែលល្អគ្រប់ដប់ ហើយក៏គ្មាននរណាម្នាក់ដែលមិនចេះខុសនោះដែរ មានកំហុសទើបរកត្រូវឃើញ។ ដូច្នេះ ចូរកុំខ្លាចខុស ហើយត្រូវរៀនពីកំហុស។ Peter T. Mcintyre បាននិយាយថា «ភាពជឿជាក់មិនមែនសុទ្ធតែបានមកពីការត្រូវទេ ប៉ុន្តែវាបានមកពីការហ៊ានធ្វើមិនខ្លាចខុស»។

No comments:
Post a Comment